ក្មេងកំព្រាឪពុក ក្លាយជាអគ្គនាយក!





ធ្វើ​អាជីវកម្ម​ដើម្បី​កេរ្តិ៍​ឈ្មោះ មិន​មែន​ដើម្បី​លុយ​នោះ​ទេ”​​  នេះ​ជា​ប្រសាសន៍​របស់​លោក ឌិន សុមេធារិទ្ធអគ្គនាយក​ក្រុមហ៊ុន សណ្ឋាគារ​ frangipani មាន​ន័យ​ថា​ ដើម​ផ្កា​ចំប៉ី​ ដែល​ជា​ក្មេង​កំព្រា​​​ឪពុក តែ​ខិតខំ​រៀន​សូត្រ ​ក្លាយ​ជា​សិស្ស​ពូកែ​​ ​រហូត​ទទួល​បាន​ជោគជ័យ​​ក្នុង​​ការ​ងារ​​ដោយ​ ​ចាប់​ផ្ដើម​ពី​ប្រាក់​ខែ​១៥០​ដុល្លារ ​រហូត​ដល់​ ៣​ពាន់​ដុល្លារ​​ និង​​មាន​ក្រុមហ៊ុន​ផ្ទាល់​ខ្លួន។
លោក ឌិន សុមេធារិទ្ធ កើត​​ថ្ងៃ​ទី​១ ខែ​​មករា​ ឆ្នាំ​១៩៧៤ ​នៅសង្កាត់លេខ៣ ​ក្រុង​ភ្នំពេញ​ ដែល​អ្នក​ម្ដាយ​ឈ្មោះ តេង ស៊ីណា និង​លោក​ឪពុក​ឈ្មោះ ​ធួក ខេត្ត មាន​មុខរបរ​ជា​គ្រូបង្រៀន កើត​ក្នុង​ត្រកូល​មន្ត្រីរាជការ ​ជា​កូន​ពៅ​​​ក្នុង​ចំណោម​បងប្អូន​២​នាក់​​

ឆ្នាំ​១៩៧៥ ​របប​វាល​ពិឃាដ​ប៉ុលពត បាន​ចូល​មក​កាន់​កាប់​ប្រទេស​ទាំង​មូល​ កាល​នោះ​​លោក​ទើប​តែ​មាន​​តែ​​ប៉ុណ្ណោះ​។ គ្រួសារ​របស់​លោក​ ក៏​ដូចជា​ប្រជាជន​ទូទៅ​ដែរ​ត្រូវ​បាន​របប​ប៉ុលពត​ជម្លៀស​ចេញ​ពី​ទីក្រុង​ ឲ្យ​ទៅ​រស់​នៅ​ទី​ជនបទ​ដាច់​ស្រយាល​​​ស្ថិត​​នៅ​​​ចន្លោះ​ ខេត្ត​កំពង់ចាម និង​ព្រៃវែង។ ជាង​នេះ​ទៅ​ទៀត​ ក្នុង​របប​ខ្មៅ​ងងឹត​មួយ​នេះ​ បាន​ចាត់​ទុក​អ្នក​ចេះ​ដឹង​ ឬ​បញ្ញាវន្ត​ ថា​ជា​សត្រូវ​របស់​បដិវត្តន៍ ដូច្នេះ​ឪពុក​លោក​ជា​គ្រូ​បង្រៀន​ គឺជា​ទិសដៅ​ទី​១​ដែល​ត្រូវ​បាន​កម្ទេច​។
ឆ្នាំ​១៩៧៩​ របប​ប៉ុលពត បាន​ដួល​រលំ​ទាំង​ស្រុង​ ប្រជាពលរដ្ឋ​កម្ពុជា​ជា​ទូទៅ​បាន​​ចាប់​ផ្ដើម ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ឡើង​វិញ។ មុខរបរ​ជា​អ្នក​ធ្វើ​ស្រែ​ចម្ការ​មាន​ការ​លំបាក​ ដោយសារ​មុន​សម័យ​ប៉ុលពត ធ្លាប់​មាន​ស្វាមី​ជា​គ្រូបង្រៀន​ ដែល​កាលណោះ​អាច​ចិញ្ចឹម​គ្រួសារ​រស់​បាន​យ៉ាង​ស្រួល​​ ​ក៏​ប៉ុន្តែ​ ដោយ​សារ​ម្ដាយ​របស់​លោក​​ ​ធ្លាប់​មាន​ជំនាញ​ផ្នែក​ដេរ​ប៉ាក់ ​ដូច្នេះ​ម្ដាយ​របស់​លោក​បាន​នាំ​លោក និង​បង​ស្រី​របស់​​លោក​មក​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​វិញដោយ​ប្រកប​មុខរបរ​ជា​ជាង​កាត់​ដេរ​។
អង្គុយ​រៀន​ផ្ទាល់​នឹង​ឥដ្ឋ
រស់នៅ​ទីក្រុង​ភ្នំពេញ​នៅ​​ម្ដុំ​ផ្លូវ​២៨៨​ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចំការមន​ មាន​ហាង​កាត់ដេរ​សំលៀក​បំពាក់​តូច​មួយ។ ឆ្នាំ​១៩៨០​ ដោយ​ធ្លាប់​មាន​ឪពុក​ជា​អ្នក​ចេះ​ដឹង ម្ដាយ​របស់​លោក​មិន​ព្រងើយកន្តើយ​ឡើយ​ បាន​បញ្ជូន​លោក​ និង​បង​ស្រី​លោក​ឲ្យ​​ចូល​រៀន​ នៅ​សាលា​បឋម​សិក្សា​ខេមរបុត្រ​ ដែល​មាន​ទីតាំង​នៅ​ម្ដុំ​ក្រោយ​ពេទ្យ​ចិន។ លោក​បាន​រំលឹក​ថា​ រៀន​​ក្នុង​ថ្នាក់​គឺ​​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ឥដ្ឋ​​ ដោយ​កាលណោះ​ក្រ​ណាស់​ ពុំ​មាន​តុ​-​កៅ​​អី​ សម្រាប់​រៀន​ដូច​សព្វ​ថ្ងៃ​​នេះ​ទេ​។
ក្ដី​សង្ឃឹម​របស់​អ្នក​ម្ដាយ​ចំពោះ​កូន
ពិត​ណាស់​ថា ជា​ស្រី​មេម៉ាយ​ មាន​មុខរបរ​ជា​ជាង​កាត់​ដេរ ​មាន​កូន​ពីរ​​នាក់​ក្នុង​បន្ទុក​ ជា​ការ​លំបាក​ណាស់​ក្នុង​ការ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ ប៉ុន្តែ​ម្ដាយ​របស់​លោក​តែងតែ​ផ្ដល់​​ក្ដី​សង្ឃឹម​ថា ពេល​កូន​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ និង​ទទួល​បាន​កម្រិត​ជីវភាព​ធូរធារ​ ដូច្នេះ​​ក្តី​ជំរុញ​​​និង​លើក​ទឹកចិត្ត​របស់​​​ម្ដាយ​បែប​នេះ​ ធ្វើ​ឲ្យ​លោក​​ប្រឹងប្រែង​រៀន​សូត្រ។​ ពេល​ទំនេរ​ ពី​ការ​ទៅ​រៀន​នៅ​សាលា ​លោក​តែង​ជួយ​ការងារ​កាត់ដេរ​ម្ដាយ លោក​តែងតែ​ខិតខំ​ប្រឹងប្រែង​មើល​សៀវភៅ​។
អនុស្សាវរីយ​ដែល​លោក​បំភ្លេច​មិន​បាន​​កាលណោះ​ ស្បែក​ជើង​មិន​សម្បូរ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ។កាលណោះ​ភាគ​ច្រើន​ក្មេង​ៗ​ពុំ​មាន​ស្បែកជើង​ពាក់​ទេ​ ម្ដាយ​របស់​លោក​បាន​ទិញ​ស្បែក​ជើង​ឲ្យ​លោក​ពាក់​ បាន​ប្រហែល​១​សប្ដាហ៍​ប៉ុណ្ណោះ គ្រាន់​តែ​ពាក់​ចូល​ផ្ទះ​អ្នក​ជិត​ខាង​គឺ​ត្រូវ​ចោរ​លួច​បាត់​តែ​ម្ដង​។
ដើរ​ទៅ​រៀន ក៏​អាច​ជា​សិស្ស​ពូកែ
ឆ្នាំ​១៩៨៦​ លោក​ចូល​រៀន​នៅ​អនុវិទ្យាល័យ​ចតុមុខ​ និង​បាន​រើ​ផ្ទះ​ មក​រស់​នៅ​ម្ដុំ​អតីត​ទូរទស្សន៍​ជាតិ​ ដូច្នេះ​ផ្ទះ​របស់​លោក​នៅ​ជិត​សាលា​រៀន​ផង លោក​បាន​សម្រេច​ចិត្ត​ដើរ​ទៅ​រៀន​រាល់​ថ្ងៃ​។ ​លោក​ចូលចិត្ត​ដើរ​តាម​ផ្លូវ​ព្រះ​នរោត្ដម​​ណាស់​​ ដោយ​សារ​មាន​ដើម​ឈើ​ធំ​​ៗបាន​​ផ្ដល់​ជា​ម្លប់​ត្រជាក់​ដល់​​លោក។
កាលណោះ​ ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក​ ក្នុង​ការ​រៀន​សូត្រ ​លោក​ត្រូវ​បាន​សាលា​បញ្ជូន​ឲ្យ​​ចូល​រៀន​ក្នុង​ថ្នាក់​ពិសេស ​អក្សរសាស្ត្រ​​ខែ្មរ​ និង​គណិតវិទ្យា​ថែម​ទៀត​ផង ​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​ចន្លោះ​ពី​លេខ​ ១​ដល់​លេខ​៣​ ក្នុង​ចំណោម​សិស្ស​ក្នុង​ថ្នាក់​ជា​ច្រើន​នាក់។ ​នៅ​​​ឆ្នាំ​១៩៨៩​ ដោយ​កាលណោះ​ការ​ទទួល​ឲ្យ​ចូលរៀន​ត្រូវ​ប្រឡង​ លោក​បាន​ខិតខំ​រៀន​សូត្រ ​រហូត​ដល់​​ប្រឡង​ជាប់ ​បាន​ចូលរៀន​នៅ​​វិទ្យាល័យ​​ស៊ីសុវត្ថិ​ មិន​ខុស​ពី​រៀន​នៅ​អនុ​វិទ្យាល័យ​ដែរ​ លោក​ត្រូវ​បាន​ឲ្យ​ចូល​រៀន​នៅ​ក្នុង​ថ្នាក់​ពិសេស​ដដែល។
ធ្លាប់​មាន​ជីវភាព​ជា​កូន​អ្នក​ក្រ ស្រមៃ​ចង់​ធ្វើ​អ្នក​មាន
ក្ដី​ស្រមៃ​របស់​លោក​តាំង​ពី​ក្មេង​មក​​ ទោះបីជា​ដឹង​ថា​ ជីវភាព​របស់​ក្រុម​គ្រួសារ​លោក​មធ្យម​និង​ស្ថាន​ភាព​ប្រទេស​ជាតិ​នៅ​ក្រីក្រ​ក៏​ដោយ​​ លោក​តែងតែ​នឹក​ស្រមៃ​ថា ចង់​ក្លាយ​ជា​អ្នក​មាន ​ព្រោះ​លោក​គិត​ថា​កាលណា​លោក​រៀន​សូត្រ​បាន​ចេះ​ដឹង ​លោក​នឹង​អាច​ធ្វើការ​ក្នុង​មុខ​តំណែង​​​ខ្ពស់​ អាច​រក​ចំណូល​បាន​ច្រើន​ ដែល​អាច​ឲ្យ​លោក​​​រស់នៅ​ដោយ​ក្ដី​ស្រណុក​។
អ្វី​ដែល​លោក​បាន​ចងចាំ​មិន​ភ្លេច​ គឺ​មិត្តភ័ក្ដិ​កាលណោះ​ស្រឡាញ់​គ្នា​ណាស់ មិន​សូវ​គិត​ពី​រឿង​លុយ​កាក់​ទេ។ មាន​ពេល​ខ្លះ ​ទិញ​ទឹក​អំពៅ​១​ថង់​ ញ៉ាំ​ ​៥​នាក់​ក៏​មាន​ដែរ។ មក​ទល់​បច្ចុប្បន្ន​នេះ​​មិត្តភ័ក្ដិ​រួម​ថ្នាក់​ពិសេស​ទាំងអស់​របស់​លោក​ដែល​សុទ្ធ​តែ​ជា​សិស្ស​ពូកែ​​ ​​មាន​ការងារ​សុទ្ធ​តែ​តំណែង​ធំៗ​​ក្នុង​ស្ថាប័ន​រដ្ឋ​ និង​ឯកជន។
កម្រិត​ឧត្ដម​សិក្សា​មិន​ងាយ​ដូច​សម័យ​បច្ចុប្បន្ន​ទេ
ឆ្នាំ​១៩៩២ លោក​បាន​ប្រលង​​បាក់ឌុប​ជាប់​ ហើយ​បាន​សម្រេច​ចូល​រៀន​នៅ​​មហា​​វិទ្យាល័យ
ស្ថាបត្យកម្ម​ និង​នគរោបនីយកម្ម​វិទ្យា​នៃ​សាកលវិទ្យាល័យ​វិចិត្រ​សិល្បៈ​ ប៉ុន្តែ​ការ​ចូលរៀន​កម្រិត​ឧត្ដមសិក្សា​កាលណោះ​មិន​ដូច​សព្វ​ថ្ងៃ​បង់​លុយ​ចូល​រៀន​នោះ​ទេ អ្នក​ចង់​ចូល​រៀន​ត្រូវ​ដាក់​ពាក្យ​ចូល​ប្រឡង​ និង​រៀន​ត្រៀម​មុន​រយៈ​ពេល​២​ឆ្នាំ​ និង​រៀន​រយៈ​ពេល​៥ឆ្នាំ​ទៀត​ទើប​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្រ​ 
លោក​រំលឹក​ថា​ក្នុង​១​ឆ្នាំ​សាលា​ទទួល​តែ​៣០​នាក់​ប៉ុណ្ណោះ​ឲ្យ​ចូល​រៀន​មុខ​វិទ្យា​នេះ​ដូច្នេះ​ត្រូវ​មាន​ការ​ប្រឡង។ ការ​ប្រឡង​ប្រជែង​ដែល​មាន​អ្នក​ចូលរួម​ប្រឡង​រាប់​រយ​នាក់​ ហើយ​អ្នក​ទាំង​នោះ​គឺ​ត្រូវ​ចំណាយ​ពេល​ចូល​រៀន​ត្រៀម​រយៈ​ពេល​២​ឆ្នាំ​ជា​មុន​ទើប​បាន​ប្រឡង ​ហើយ​បើ​ប្រឡង​មិន​ជាប់​គឺ​ អ្នក​ទាំង​នោះ​ត្រូវ​​ចំណាយ​រយៈ​ពេល​២​ឆ្នាំ​ចោល​​ ​ដូច្នេះ​នៅ​ពេល​លោក​ប្រឡង​ គឺ​ត្រូវ​ប្រឡង​ជា​មួយ​​សិស្ស​ថ្មី​ផង​ និង​សិស្ស​​ធ្លាក់​ឆ្នាំ​មុន​ៗ​ផង​ តែ​ដោយ​ការ​ខិតខំ​រៀន​សូត្រ​លោក​បាន​ប្រឡង​ជាប់​​និង​បាន​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​មួយ។
ធ្វើការ​បណ្ដើរ​រៀន​សូត្រ​បណ្ដើរ
ឆ្នាំ​១៩៩៦​ដោយ​មាន​ក្ដី​ស្រឡាញ់​ផ្នែក​ស្ថាបត្យ​កម្ម​ លោក​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ឆ្នាំ​ទី​២​លោក​បាន​សម្រេចចិត្ត​ចូល​បម្រើ​ការ​ជា​បុគ្គលិក​​ក្រុម​ហ៊ុន​សំណង់​របស់​​គ្រូ​លោក ជា​ការងារ​ក្រៅ​ម៉ោង​ទទួល​ប្រាក់​ឈ្នួល​ក្នុង​១​ម៉ោង​បាន​ទទួល​កម្រៃ​៨០​សេន ដែល​សរុប​​ក្នុង​១ខែ​ លោក​អាច​ទទួល​កម្រៃ​ប្រហែល​១៥០​ដុល្លារ។​​ដូច្នេះ​លោក​អាច​រកលុយ​បាន​ដើម្បី​ជួយ​កាត់​បន្ថយ​បន្ទុក​ការ​ចំណាយ​លើ​ម្ដាយ​របស់​លោក​ ​ ជា​ពិសេស​លោក​អាច​ទទួល​បាន​បទ​ពិសោធ​បណ្ដើរ​ពី​ការងារ​ទាំង​នោះ​។
ការងារ​ក្រៅ​ម៉ោង​នេះ ​ជួន​យប់ ជួន​ថ្ងៃ ​ហើយ​បើ​ទោះ​បី​ជា​​​​មាន​ការ​នឿយហត់​​ខ្លាំង​​​យ៉ាង​នេះ​​​ក្ដី​ ​ក៏​លោក​នៅ​តែ​​ពេញ​​​ចិត្ត​ការងារ​ផ្នែក​សិល្បៈ​តុបតែង​បែប​នេះ​ដែរ។


Post a Comment

Previous Post Next Post